សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា (ស.ប.ក) បាន​បង្ហាញ​បញ្ជី​ឈ្មោះ​​កីឡាករ​ជម្រើស​ជាតិ​កម្ពុជា ចំនួន​២៥រូប​មក​ពី ៩ ក្លិប​​ត្រៀម​ចូល​ហ្វឹកហាត់​ដើម្បី​ប្រកួត​លើ​ឆាក​អន្តរជាតិ​ចំនួន​២ប្រកួត​ផ្សេង​គ្នា​នៅ​ដើម​ខែ​មិថុនា ខាងមុខ​នេះ។

លោក Leonardo Vitorino ដែល​ជា​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​បាន​ប្រកាស​ឈ្មោះ​កីឡាករ​ទាំង​២៥​នាក់​មាន​ដូចជា​ អ្នកចាំទី​៖ ស៊ូ យ៉ា​ទី (​បឹងកេត​), ហ៊ុល គឹម​ហ៊ុយ (​សាលា​បាល់ទាត់​ជាតិ​), អ៊ុំ សេរី​រ័ត្ន​ន៍ (​ការពារជាតិ​) អោម ឧ​ត្ត​ម (​ព្រះខ័នរាជស្វាយរៀង​)។ ចំណែក​​ខ្សែការពារ​៖ ឆុំ ពិសា (ភ្នំពេញក្រោន)​, ណុប តុលា (ព្រះខ័នរាជស្វាយរៀង)​, សឿ​យ វិសាល (ព្រះខ័នរាជស្វាយរៀង)​, ប៊ិន ធា​រី (Krabi FC)​, នេន សុធា​រដ្ឋ (ព្រះខ័នរាជ​ស្វាយរៀង)​, សឿត បារាំង​ (ភ្នំពេញក្រោន), រស់ សំអឿន (បឹងកេត)​, ឈិន ឈឿន​ (ការពារជាតិ)។ ​ខ្សែបម្រើ​វិញ​មាន​​៖ ទិ​ត្យ ឌី​ណា (នគរបាលជាតិ)​, ប្រាក់ មុន្នី​ឧ​ត្ត​ម (ព្រះខ័នរាជ​ស្វាយរៀង)​, ហួយ ផល្លី​ន (ព្រះខ័នរាជ​ស្វាយរៀង)​, ប្រាក់ ធី​វា​ (ភ្នំពេញ​ក្រោន), សុន វណ្ណ​ដេ​ត​ (នគរបាល​ជាតិ), អ៊ិន សូ​ដា​វីដ (ភ្នំពេញក្រោន)​, ច្រឹង ពលរដ្ឋ​ (ការពារជាតិ)។ ចំពោះ​ខ្សែប្រយុទ្ធ​គឺ​៖ កែវ សុខ​ផេង (ភ្នំពេញក្រោន)​, កែវ សុខ​ង៉​ន (ភ្នំពេញក្រោន)​, ឃួន ឡា​បូ​រ៉ាវី​ (ឃួន ឡាបូរ៉ាវី), ចាន់ វឌ្ឍនាកា​ (Fujieda MYFC) , នួន បូរី (នគរបាលជាតិ)​, សារី ម៉ាត់​ណូ​រ៉ូ​ទីន (ណាហ្គាវើល)។

លោក Leonardo Vitorino នឹង​ចាប់​ប្រមូល​កូនក្រុម​ពី​ថ្ងៃ​ទី១ ខែ​មិថុនា តទៅ ខណៈ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា មាន​បេសកម្ម​​សំខាន់​មួយ​ទៀត ក្រៅ​ពី​ត្រូវ​ប្រកួត​មិត្តភាព​អន្តរជាតិ​ជាមួយ​ក្រុម​ជម្រើស​ជាតិ​​ឥណ្ឌូណេស៊ី នៅ​ថ្ងៃ​ទី៨ ខែ​មិថុនា ឆ្នាំ​២០១៧ លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ​ក្នុង​រាជធានី​ភ្នំពេញ នៅ​៥ថ្ងៃ​បន្ទាប់​គឺ​នៅ​ថ្ងៃ​ទី១៣ ខែ​មិថុនា ត្រូវ​ត្រៀម​ខ្លួន​ប្រកួត​វគ្គ​ជម្រុះ​ពូល C នៃ​​វគ្គ​ជម្រុះ​ពានរង្វាន់​ជើង​ឯក​ទ្វីប​អាស៊ី (AFC Asian Cup 2019 UAE)។ ចំណែក​សំបុត្រ​សម្រាប់​​​ចូល​ទស្សនា​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​រវាង​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ជាមួយ​ក្រុម​ជម្រើស ជាតិ​ឥណ្ឌូណេស៊ី បាន​ដាក់​លក់​ចាប់​ពី​ថ្ងៃ​អាទិត្យ ទី​២៨ ខែ​ឧសភា ឆ្នាំ​២០១៧តទៅ​ តទៅ​នៅ​មាត់​ច្រកចូល​ពហុ​កីឡដ្ឋាន​ជាតិ ក្នុង​រាជធានី​ភ្នំពេញ ក្នុង​តម្លៃ​ជា២គឺ​តម្លៃ ១ម៉ឺន​រៀល ត្រង់​កន្លែង​ដែល​មាន​ដំបូល ហើយ​តម្លៃ​៥ពាន់រៀល​នៅ​កន្លែង​ជុំវិញ គ្មានដំបូល។

បើ​និយាយ​ពី​វគ្គ​ជម្រុះ​ពានរង្វាន់​ជើង​ឯកទ្វីប​អាស៊ី របស់​​កម្ពុជា វិញ បាន​​ធ្វើ​ដំណើរ​ទៅ​​ប្រកួត​ជាមួយ​ម្ចាស់​ផ្ទះ​ហ្ស៊កដានី កាល​ពី​​ថ្ងៃ​ទី២៨ ខែ​មីនា ឆ្នាំ​២០១៧ តែ​ចាញ់​ក្នុង​លទ្ធផល ៧ទល់០ ហើយ​នៅ​ថ្ងៃ​ទី១៣ ខែមិថុនា ឆ្នាំ​២០១៧ កម្ពុជា ត្រូវ​បើក​ទ្វា​កីឡដ្ឋាន​ខ្លួន​ទទួល​ក្រុម​អាហ្វហ្គានីស្ថាន ម្ដង​មុន​បញ្ចប់​ជុំ​ទី១ បន្ត​ទទួល​វៀតណាម នៅ​ថ្ងៃ​ទី៥ ខែ​កញ្ញា ឆ្នាំ​២០១៧។ សម្រាប់​ជើង​ទី២ កម្ពុជា ត្រូវ​​ធ្វើ​ដំណើរ​ទៅ​ប្រកួត​នៅ​វៀតណាម វិញ​ម្ដង​ក្នុង​ថ្ងៃ​ទី១០ ខែ​តុលា ឆ្នាំ​២០១៧ ហើយ​នៅ​ថ្ងៃ​ទី១៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ ត្រូវទទួល​ក្រុម​ហ្ស៊កដានី វិញ​ម្ដង មុន​ប្រកួត​បញ្ចប់​វគ្គ​ជម្រុះ​ក្នុង​ពូលជាមួយ​អាហ្វហ្គានីស្ថាន នៅ​ថ្ងៃ​ទី​២៧ ខែ​មីនា ឆ្នាំ​២០១៨៕