ការ​ប្រកួត​បាល់ទាត់​ដណ្ដើម​ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន (Hun Sen Cup) រដូវកាល​ឆ្នាំ​២០១៧ វគ្គ​​ជម្រុះ​​ដំណាក់​កាល​ទី៣​​ជុំទី២ បាន​​បញ្ចប់​បណ្តើរៗហើយ គិត​ត្រឹម​ល្ងាច​ថ្ងៃ​ពុធ ទី​១៧​ខែ​ឧសភា ឆ្នាំ​២០១៧​ម្សិលមិញ​​​នេះ ដោយ​ក្រុម​អគ្គីសនីកម្ពុជា អគ្គស្នងការដ្ឋាន​នគរបាលជាតិ និង​ខេត្ត​ស្វាយរៀង បាន​កក់កៅអី​ឡើង​ទៅ​លេង​ជុំ​ទី៤ ជាបន្ត​ក្រោយ​យក​ឈ្នះ​គូ​ប្រកួត​ទាំង​២ជើងដូចៗគ្នា។
សម្រាប់​លទ្ធផល​​នៅ​​ជើង​ទី២ ​នេះ​មាន​​ប្រកួត​​៣គូ ដោយ​ក្រុម​ព្រៃវែង បើក​ទ្វា​ស្វាគមន៍​ក្រុម​ខេត្ត​ស្វាយរៀង នៅ​កីឡដ្ឋាន​ខេត្ត​ព្រៃវែង តែ​ស្មើ ៤ទល់៤ (សរុប​លទ្ធផល​ស្វាយរៀង ឈ្នះ​ព្រៃវែង ៩ទល់៧) ហើយ​ក្រុម​ខេត្ត​សៀមរាប ចាញ់​ក្រុម​អគ្គីសនីកម្ពុជា ៧ទល់០ នៅ​​កីឡដ្ឋាន​ខេត្ត​សៀមរាប (លទ្ធផល​ទាំង​ជើង​​អគ្គីសនីកម្ពុជា ឈ្នះ​ខេត្ត​សៀមរាប ១៥ទល់០) ចុង​ក្រោយ​​ក្រុម​វេស្ទើនភ្នំពេញ ត្រូវ​បើក​ទ្វា​កីឡដ្ឋាន​របស់​ខ្លួន​ទទួល​ក្រុម​អគ្គស្នងការដ្ឋាន​នគរបាលជាតិ ឈ្នះ​២ទល់១ ​នៅ​កីឡដ្ឋាន​វេស្ទើន (លទ្ធផល​ទាំង​២ជើង អគ្គស្នងការដ្ឋាន​នគរបាលជាតិ ឈ្នះ​វេស្ទើន ៣ទល់២)។

ចំណែក​ប្រកួត​ផ្សេង​ទៀត​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី២៤ ខែ​ឧសភា ឆ្នាំ​២០១៧ ដោយ​មាន៤​​គូ​​ត្រូវ​ប្រកួត​​គ្នា​គឺ​​ក្រុម​ខេត្ត​កំពត ទទួល​ក្រុម​យុវជន​ក្រសួងការពារជាតិ វិញ​នៅ​កីឡដ្ឋាន​ខេត្ត​របស់​ខ្លួន ហើយ​ក្រុម​ខេត្ត​កំពង់ធំ ប្រកួត​ជាមួយ​យុវជន​សាលា​បាល់ទាត់​ជាតិ នៅ​កីឡដ្ឋាន​ខេត្ត​កំពង់ធំ ក្រុម​ខេត្ត​កំពង់ឆ្នាំង ជួប​ក្រុម​សៀមរាបអង្គរ នៅ​កីឡដ្ឋាន​ខេត្ត​កំពង់ឆ្នាំង និង​ក្រុម​អាស៊ីអឺរ៉ុប ប៉ះ​ស៊ីម៉ាក់ វិញ​នៅ​ស្តាតចាស់។

ចំពោះ​លទ្ធផល​កាល​​ពី​ជើង​ទី១ កន្លង​ទៅ​ក្រុម​យុវជន​ក្រសួងការពារជាតិ ចាញ់​​ខេត្ត​កំពត ១ទល់០ នៅ ហើយ​​ក្រុម​យុវជន​សាលា​បាល់ទាត់​បាទី ឈ្នះ​​ក្រុម​​ខេត្ត​កំពង់ធំ ៣ទល់០ ​ក្រុម​សៀមរាបអង្គរអែហ្វស៊ី (សូលទីឡូអង្គរ) ឈ្នះ​ខេត្ត​កំពង់ឆ្នាំង៧ទល់១ ​ក្រុម​ស៊ីម៉ាក់ ចាញ់​ក្រុម​អាស៊ីអឺរ៉ុប ៣ទល់០ ​ក្រុម​ខេត្ត​ស្វាយរៀង បាន​យក​ឈ្នះ​​ក្រុម​ខេត្ត​ព្រៃវែង ៥ទល់៣ ក្រុម​អគ្គីសនីកម្ពុជា យក​ឈ្នះ​ក្រុម​ខេត្ត​ខេត្ត​សៀមរាប ៨ទល់០ និង​ក្រុម​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ឈ្នះ​វេស្ទើនភ្នំពេញ ២-០។

យោងតាម​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា ដែល​ជា​អ្នក​រៀបចំ​ព្រឹត្តិការណ៍​នេះ​អស់​រយៈពេល​ជាង​១០ឆ្នាំ​មក​នេះ​បាន​ផ្គូរផ្គង​រៀបចំ​ការ​ប្រកួត​​ដោយ​មាន​១០គូ​ផ្សេង​គ្នា ស្រប​ពេល​មាន​៣ក្រុម​ត្រូវ​ឡើង​ទៅ​ជុំ​ទី៤​ដោយស្វ័យ​ប្រវត្តិ​ក្រោយ​គូ​ប្រកួត​ដក​ខ្លួន។ ក្រុម​ដែល​ឡើង​ទៅ​ជុំ​ទី៤ ជា​បន្ត​នោះ​មាន​ខេត្ត​ស្ទឹងត្រែង, ខេត្ត​ឧត្តរមានជ័យ, គីរីវង់សុខសែនជ័យ។

នៅ​ក្នុង​វគ្គ​ជម្រុះ​ជុំទី៣ នេះ​មាន​​ក្រុម​ទាំង​៩​ ដែល​លេង​ក្របខណ្ឌ​លីគ​លំដាប់​ទី២ លើក​ទី១ ក្នុង​ឆ្នាំ២០១៦ ហើយ​សមាជិក​លីគ​កំពូល​កម្ពុជា៤ក្រុម ក៏​ត្រូវ​ចូលរួម​ក្នុង​ដំណាក់ទី៣ ផងដែរ ​ដែល​ជា​ក្រុម​បាត​តារាង​កាល​ពី​រដូវកាល​មុន​ រួមមាន​ក្រុម​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ, ស៊ីម៉ាក់, អាស៊ីអឺរ៉ុប និងក្រុមវេស្ទើន។ ដំណាក់​កាល​​នេះ​ប្រកួត​ចំនួន ​២ជើង ចាប់ពីថ្ងៃទី២ ខែឧសភាដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ​២០១៧។ ក្រុម​ដែល​ឡើង​មក​​លេង​ជុំ​ទី៣ ទាំង​៦​ក្រុម​មាន ខេត្ត​ស្ទឹងត្រែង, ខេត្ត​​ព្រៃវែង, ខេត្តសៀមរាប, ខេត្ត​ឧត្តរមានជ័យ, ខេត្ត​កំពត និង​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ធំ។

ចំពោះ​ដំណាក់កាលទី៤ វិញ​តម្រូវ​ឱ្យ​ក្រុម​លីគកំពូលកម្ពុជាកម្ពុជា​ ៦​ក្រុម (លេខ១​ដល់​លេខ៦ កាល​ពី​រដូវកាល​មុន) ​ដែល​ឈរ​ចាំ​រួមមានក្រុមបឹងកេតអង្គរ, ក្រសួងការពារជាតិ, ណាហ្គាវើល, ព្រះខ័នរាជស្វាយរៀង, ភ្នំពេញក្រោន និងក្រុមខេមបូឌានថាយហ្គឺរ ត្រូវ​ប្រកួត​ជាមួយ​ក្រុម​​ខ្លាំង​ឡើង​មក​ពី​ដំណាក់កាល​ទី៣។ ប្រកួតធ្វើឡើង ២ជើងដូចគ្នាដែលចាប់ផ្ដើមពីថ្ងៃទី៣១​ ខែ​ឧសភា ដល់​ថ្ងៃ​ទី​០៥ ខែកក្កដា ឆ្នាំ​២០១៧។ បន្ទាប់​មកគឺ​ជាការប្រកួតជុំផ្ដាច់ព្រ័ត្រ ឬដំណាក់កាលទី៥​ ដែល​នឹង​ធ្វើការ​ប្រកួត​ចាប់ពីថ្ងៃទី១២ ខែកក្កដារហូតដល់ថ្ងៃទី០១ ខែតុលា​ ដើម្បី​ស្វែង​រក​ក្រុម​ជើង​ឯក​តែ​ម្ដង៕

រូបថត៖ CNCC