ក្លិប​បាល់ទាត់​ភ្នំពេញក្រោន បាន​ជូនដំណឹង​ដល់​អ្នក​គាំទ្រ​របស់​ខ្លួន​ថា​អ្នក​គ្រូ ​ឈឿន នីផា ដែល​ជា​គ្រូ​បង្វឹក​ក្រុម​យុវជន​ក្រោម​អាយុ​១៤​ឆ្នាំ​របស់​ក្លិប ត្រូវ​បាន​ទទួល​អញ្ញើញ​ឱ្យ​ទៅ​សិក្សា​គ្រូ​បង្វឹក​បាល់ទាត់​​កម្រិត​ទ្វីប​អាស៊ី នៅ​ប្រទេស​ចិន នៅ​ចុង​ខែ​មិថុនា ខាង​មុខ។

ប្រភព​បញ្ជាក់​ថា​កញ្ញា ឈឿន នីផា ទើប​តែ​ទទួល​បាន​ការ​អញ្ជើញ​ដើម្បី​ចូលរួម​ក្នុង​វគ្គបណ្តុះបណ្តាល​ AFC Women’s Tutors Course ក្នុងនាមជាអ្នកតំណាងប្រទេសកម្ពុជា​ ខណៈ​ដែល​កម្មវិធី​នេះទើបតែរៀបចំជាលើកដំបូងដោយនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០-២៩ ខែមិថុនា ខាងមុខ​នៅ​ទីក្រុង​សៀងហៃ នៃ​សាធារណរដ្ឋប្រជាមានិតចិន។

កញ្ញា នីផា ធ្លាប់ទទួលបានសញ្ញាបត្រ AFC B-coaching licence នឹង​ចូលរួម​ក្នុង​វគ្គ​សិក្សាថ្មី​នេះ​ដែល​ត្រូវ​បាន​រៀបចំ​ឡើង​ក្នុង​គោលបំណងបង្ហាញពីវិធីសាស្ត្រក្នុងការហ្វឹកហាត់​ ក៏​ដូចជា​ការ​ផ្សព្វផ្សាយ​អំពី​ទេពកោសល្យ​ដែល​គ្រូ​បង្វឹក​ជា​នារី​ត្រូវ​យល់​ដឹង​ដើម្បី​ក្លាយ​ជា​អ្នក​បណ្តុះបណ្តាល​ម្នាក់​ប្រកប​ដោយ​សមត្ថភាព​ទាំង​លើ​ចំណេះដឹង ភាពជាអ្នកដឹកនាំ​ ព្រម​ទាំង​ជា​កត្តា​លីករ​ក្នុង​ការ​ជំរុញ​វិស័យ​បាល់ទាត់​នៅ​ទ្វីប​អាស៊ី​ឆ្ពោះ​ទៅ​កាន់​វឌ្ឍនភាព។

ក្នុង​វគ្គ​បណ្តុះបណ្តាល​នេះមាន​ការ​ធ្វើ​បទបង្ហាញពីលោកស្រី Vera Pauw មកពី​សហព័ន្ធ​កីឡា​បាល់ទាត់​អឺរ៉ុប (UEFA) និងលោក Wim Koevermans អនុ​ប្រធាន​ផ្នែក​បច្ចេកទេស​របស់​សហព័ន្ធ​បាល់ទាត់​អាស៊ី ដោយ​អ្នក​ទាំងពីរ​សុទ្ធតែមានបទពិសោធន៍ក្នុងការបង្វឹកកីឡាករ​ ក៏ដូចជា​ធ្លាប់​ដឹកនាំ​ក្រុម​ជម្រើសជាតិ​ផង​ដែរ។ ក្លិប​ភ្នំពេញក្រោន ចាត់ទុក​ថា​នេះគឺឱកាសដ៏អស្ចារ្យសម្រាប់ កញ្ញា នីផា ដើម្បី​បោះជំហាន​ទៅ​មុខ​ក្នុង​អាជីពជា​គ្រូបង្វឹកបាល់ទាត់របស់ខ្លួន។

យោង​តាម​ប្រភព​ពី​ភ្នំពេញក្រោន បញ្ជាក់​ផង​ដែ​រថា ក្រុមយុវជនអាយុក្រោម​ ១៤ឆ្នាំ​ដែល​ស្ថិត​ក្រោមការ​ដឹកនាំ​របស់​កញ្ញានីផា នឹង​បង្ហាញ​ខ្លួន​នៅ​ថ្ងៃអាទិត្យ ទី២១ ខែ​ឧសភា ស្អែក​នេះ​ក្នុង​ការ​ប្រកួត​មិត្តភាព​កម្តៅ​សាច់ដុំ​ជាមួយ​ក្រុម KM7 នៅវេលាម៉ោង ៨.៣០ ព្រឹក​លើ​ទីលាន​កីឡដ្ឋាន RSN តែម្តង។