ប្រភព​មក​ពី​ប្រទេស​មីយ៉ាន់ម៉ា បាន​អះអាង​ថា​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា បាន​ណាត់​ក្រុម​ជម្រើស​ជាតិ​របស់​ខ្លួន ប្រកួត​មិត្តភាព​អន្តរជាតិ​ជាមួយ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា នៅ​ក្នុង​ខែ​វិច្ឆិកា ខាង​មុខ​ ខណៈ​ក្រុម​ទាំង​២​កំពុង​តែ​ត្រៀម​ខ្លួន​ប្រកួត​ក្នុង​ពានរង្វាន់​​ជើង​ឯក​ប្រចាំ​ទ្វីប​អាស៊ី (AFC Asian Cup 2019 UAE) ជុំ​ទី៣ដូចគ្នា។

បើ​មិន​មាន​អ្វី​ប្រែប្រួល​ការ​ប្រកួត​​មិត្តភាព​អន្តរជាតិ រវាង​កម្ពុជា និង​មីយ៉ាន់ម៉ា នេះ​នឹង​រៀបចំ​ឡើង​នៅ​ថ្ងៃ​ទី៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ លើ​ទីលាន​ពហុកីឡដ្ឋាន​ជាតិ ក្នុង​រាជធានី​ភ្នំពេញ ស្រប​ពេល​ម៉ោង​​ប្រកួត​នៅ​មិនទាន់​កំណត់​នៅ​ឡើយ​នោះ​ទេ។ មុន​ប្រកួត​នេះ​មក​ដល់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ត្រូវ​​ទទួល​ធ្វើ​ម្ចាស់​ផ្ទះ​ក្នុង​ប្រកួត​មិត្តភាព​អន្តរជាតិ​ជាមួយ​ក្រុម​ជម្រើស​ជាតិ​ឥណ្ឌូណេស៊ី នៅ​ថ្ងៃ​​ទី៨ ខែ​មិថុនា ខាង​មុខ​ផង​ដែរ។

ចំពោះ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ស្ថិត​ក្នុង​ពូល C នៃ​​វគ្គ​ជម្រុះ​ពានរង្វាន់​ជើង​ឯកប្រចាំ​ទ្វីប​អាស៊ី ជាមួយ​ក្រុម​ហ្សកដានី, វៀតណាម និង​អាហ្វហ្គានីស្ថាន។ ប្រកួត​បើក​ឆាក​ពូល​នេះ​កម្ពុជា បាន​ចាញ់​ហ្សកដានី រហូត​ដល់​៧ទល់០ ខណៈ​ក្រោយ​ជួប​ឥណ្ឌូណេស៊ី កម្ពុជា ត្រូវ​ប្រកួត​ក្នុង​ពានរង្វាន់​​នេះ​ជាមួយ​អាហ្វហ្គានីស្ថាន នៅ​ថ្ងៃ​ទី១៣ ខែ​មិថុនា ឆ្នាំ​២០១៧ ហើយ​ក្រោយ​ជួប​មីយ៉ាន់ម៉ា ក្រុម​កម្ពុជា ត្រូវ​ប្រកួត​ជាមួយ​ក្រុម​ហ្សកដានី ម្ដង​ទៀត​នៅ​ថ្ងៃទី១៤ ខែ​វិច្ឆិកា ផង​ដែរ។​

​​​                                                                                      ក្រុមជម្រើសជាតិកម្ពុជា ក្នុងប្រកួតកន្លងមក

 

ចំណែក​ក្រុម​មីយ៉ាន់ម៉ា វិញ​ស្ថិត​ក្នុង​ពូលA ជាមួយ​ឥណ្ឌា, គីហ្សីស្ថាន និងម៉ាកាវ។ មីយ៉ាន់ម៉ា បាន​ចាញ់​ឥណ្ឌា ទាំង​ត្រដាបត្រដួស ១ទល់០ កាល​ពី​ប្រកួត​បើក​ឆាក​ប្រចាំ​ពូល។ ក្រោយ​ជួប​កម្ពុជា ក្រុម​មីយ៉ាន់ម៉ា ត្រូវ​បន្តជើង​ហោះហើរ​របស់​ខ្លួន​ទៅ​កាន់​ប្រទេស​ឥណ្ឌា ម្ដង​ដើម្បី​ប្រកួត​​​ជើង​ទី២ក្នុង​ពានរង្វាន់​នេះ។

បើ​ងាក​ទៅមើល​តារាង​ចំណាត់​ថ្នាក់​ក្នុង​បញ្ជី​របស់​សហព័ន្ធ​កីឡា​បាល់ទាត់​អន្តរជាតិ (FIFA) ប្រចាំ​ខែ​ឧសភា នេះ​វិញ ក្រុម​មីយ៉ាន់ម៉ា កំពុង​ឈរ​ចំណាត់​ថ្នាក់​លេខ​១៦៦ ហើយ​ក្រុម​កម្ពុជា​វិញ​វិញ​កំពុង​ឈរ​លេខ ១៧៥ ក្នុង​ចំណោម​ប្រទេស​ដែល​ជា​សមាជិក​ចំនួន​២០៨។

កម្ពុជា នឹង​មីយ៉ាន់ម៉ា ធ្លាប់​មានប្រវត្តិ​ប្រកួត​ជាមួយ​គ្នា​ចំនួន​១២លើក​មក​ហើយ ក្នុង​រយៈពេល​ជាង​២០​​ឆ្នាំ​ចុងក្រោយ​នេះ ស្រប​ពេល​កម្ពុជា ធ្លាប់​បាន​ឈ្នះ​តែ​១លើក ទេ​ហើយ​ក្រុម​ទាំង​២​ធ្លាប់​ស្មើ​គ្នា១លើក ក្រៅ​ពី​​នោះ​មីយ៉ាន់ម៉ា ឈ្នះ​ទាំង​អស់។ ជំនួប​ចុងក្រោយ​កាល​ពី​ចុង​ឆ្នាំ​២០១៦ ក្រុម​មីយ៉ាន់ម៉ា បាន​យក​ឈ្នះ​លើ​កម្ពុជា ៣ទល់១ ក្នុង​វគ្គ​ជម្រុះ​តាម​ពូល​នៃ​ពានរង្វាន់​ជើង​ឯកប្រចាំ​តំបន់​អាស៊ាន AFF Suzuki Cup 2016 នៅ​កីឡដ្ឋាន​Thuwunna YTC Stadium ក្នុង​ទីក្រុង​រង់ហ្គូន៕