ទីផ្សារដោះដូរកីឡាករលើកទី២និងការចុះបញ្ជីកីឡាករថ្មីសម្រាប់ត្រៀមជុំទី២​នៃ​លីគ​កំពូល​កម្ពុជា​ នឹងបើកពីថ្ងៃទី១៥ខែមិថុនា ដល់ថ្ងៃទី២៩ខែមិថុនា។ នេះ​បើ​តាម​លិខិត​របស់​គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា​ចេញ​នៅ​ថ្ងៃ​ទី​៥​ខែ​មិថុនា​​ឆ្នាំ​២០១៨​នេះ​។

ក្នុងលិខិតដែលចុះហត្ថលេខាដោយលោកលេខាប្រតិបត្តិ ឆាំង ពិសិដ្ឋ បញ្ជាក់ថាការដោះដូរនេះអាចធ្វើបានលើកីឡាករកម្ពុជា៣រូប និងកីឡាករបរទេស៣រូប។ សូមបញ្ជាក់ថា ការប្រកួតមិត្តហ្វូនខេមបូឌានលីគ បានរួចរាល់៨សប្ដាហ៍ហើយ ហើយជុំទី១នឹងបញ្ចប់នៅថ្ងៃទី២៤ខែមិថុនា។ ការប្រកួតជុំទី២នឹងចាប់ផ្ដើមនៅថ្ងៃទី៣០ខែមិថុនា ហើយកីឡាករថ្មីៗរបស់ក្លិបនីមួយៗនឹងចូលលេងបាន។

គួរដឹងដែរថា ថ្មីៗនេះ ក្លិបវិសាខា បានប្រកាសពីការនាំចូលសមាជិកថ្មី កែវ សុខផេង និង សុខ សុវណ្ណ ប៉ុន្តែពួកគេត្រូវរង់ចាំដល់ថ្ងៃទី១៥ខែមិថុនាទើបអាចចុះបញ្ជីបាន និងរង់ចាំដល់ជុំទី២ចាប់ផ្ដើមទើបអាចលេងឱ្យវិសាខាក្នុងលីគបាន។ សម្រាប់ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ពួកគេនឹងចូលលេងបានដូចគ្នា នៅពេលវគ្គ១៦ក្រុមចុងក្រោយជើងទី១ធ្វើឡើងនៅថ្ងៃទី១១ខែកក្កដា៕

ប្រភព & រូបភាព៖ CNCC