ក្លិបបាល់ទាត់វិសាខា ធ្វើសន្និសីទសារព័ត៌មានកាលពីមុននេះបន្តិច ដោយបានបង្ហាញសមាជិកថ្មី២រូបសម្រាប់ពង្រឹងក្រុមត្រៀមជុំទី២នៃមិត្តហ្វូនខេមបូឌានលីគ គឺខ្សែប្រយុទ្ធជម្រើសជាតិ កែវ សុខផេង និងខ្សែការពារ សុខ សុវណ្ណ។

លោក ហុក សុជីវ័ន ពន្យល់ពីមូលហេតុនៃការនាំចូលតារា២រូបខាងលើថា ៖ «សម្រាប់ដែលយើងត្រូវការកីឡាករបន្ថែមនោះគឺ កីឡាករដែលសល់ពីលីគទី២នោះគឺជាកីឡាករដែលចំណាស់បន្តិច ចឹងយើងខ្វះកម្លាំងជួយច្រើន។ ទី២ ក្មេងៗសល់ពីលីគទី២នោះ គឺគាត់នៅខ្វះបទពិសោធនៅឡើយ ចឹងគាត់មិនទាន់អាចជួយបានច្រើន ចឹងសម្រាប់ការលេងរបស់យើងមិនសូវមានជម្រើស។ វាមានតិច ចឹងយើងត្រូវការកីឡាករបន្ថែមដើម្បីមកជួយនៅតំបន់ខ្លះដែលខ្វះកីឡាករលេង»៕

កែវ សុខផេង ទើបតែត្រលប់មកពីម៉ាឡេស៊ីថ្មីៗនេះ បន្ទាប់ពីក្លិប PKNP បានសម្រេចចិត្តបញ្ចប់កិច្ចសន្យាមុនកំណត់ជាមួយរូបគេ ក្រោមហេតុផលពិបាកសម្របខ្លួននៅលីគកំពូលម៉ាឡេស៊ីក្នុងការចេញទៅប្រកបអាជីពនៅបរទេសជាលើកដំបូងនិងបញ្ហាកាយសម្បទា។ កីឡាករមានកំណើតមកពីខេត្តក្រចេះវ័យ២៦ឆ្នាំរូបនេះពីដំបូងត្រូវបានរំពឹងទុកថាទំនងត្រលប់ទៅក្លិបចាស់ ភ្នំពេញក្រោន វិញ។ តែទីបំផុតរូបគេបានសម្រេចចិត្តមកចូលរួមក្លិបជើងឯកលីគទី២ឆ្នាំ២០១៧។

ក្នុងថ្ងៃជាមួយគ្នា អតីតមិត្តរួមក្រុម សុខផេង នៅបឹងកេត គឺ សុខ សុវណ្ណ ក៏បានក្លាយជាកីឡាករថ្មីរបស់លោក ហុក សុជីវ័ន្ដ ដែរ។ ខ្សែការពារកណ្ដាលរូបនេះជាអតីតសមាជិកក្រុមជម្រើសជាតិកម្ពុជាជាប់លាប់ក្នុងជម្រើស១១នាក់ដំបូង។ ប៉ុន្តែក្នុងឆ្នាំ២០១៨នេះ អតីតយុវជនភ្នំពេញក្រោនដដែល មិនសូវបានបង្ហាញសមត្ថភាពឡើយ ហើយការប្រកួតចុងក្រោយរបស់គេសម្រាប់បឹងកេតគឺពេល ចាញ់ Ceres Negros នៅហ្វ៊ីលីពីនក្នុងពាន AFC Cup កាលពីខែកុម្ភៈ។