ខ្សែប្រយុទ្ធ Cristiano Ronaldo បានបញ្ចប់ការផ្ទេរពី Real Madrid ទៅកាន់ក្រុមសេះបង្កង់ Juventus ក្នុងតម្លៃ១០៥លានអឺរ៉ូ នេះបើតាមការបញ្ជាក់ជាផ្លូវការពីក្រុមរហស្សនាមអធិរាជសកាលពីម្សិលមិញ។

ក្រោយជួយឲ្យក្លឹបឈ្នះ​ជើងឯក​ក្របខណ្ឌ Champions League ចំនួន​៤​លើក​ មួយរយៈ​ចុងក្រោយ​នេះប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់ហាក់​មាន​ទំនាក់ទំនង​មិនល្អ​ជាមួយនឹង​ប្រធាន​ក្លិប​លោក Florentino Perez​ ឡើយ។

​ការផ្លាស់​មក​កាន់ Juventus ក្នុង​ក្របខណ្ឌ​កំពូល​អ៊ីតាលី របស់អតីត​សមាជិក Manchester United ក្នុងតម្លៃ​១០៥លានអឺរ៉ូ នឹង​បំបែក​កំណត់ត្រា​របស់ខ្សែប្រយុទ្ធ Gonzalo Higuain ផ្ទេរមកពី Napoli ក្នុងតម្លៃ​៩៩​លាន​ដុល្លារ​។​

គួររំលឹកថា ក្រោយចាកចេញពីទឹកដី Old Trafford មកកាន់ទឹកដីអេស្ប៉ាញកាលពីឆ្នាំ២០០៩ក្នុងតម្លៃខ្លួនជាកំណត់ត្រាពិភពលោក៨០លានផោន ​ម្ចាស់ពាន Ballon D’Or ៥សម័យ រកគ្រាប់បាល់ស៊ុតបញ្ចូលទីបាន ៤៥១ គ្រាប់ ដោយឈ្នះ Champions League ៤ដង, La Liga ៣ដង និងពានរង្វាន់ជាច្រើនទៀតផងដែរ៕