ការ​កើន​ឡើង​នៃ​ភ្នាក់​ងារ​កីឡាករ​អត់​ពាក់​មី​ដែល​កំពុង​តែ​ដំណាង​ឲ្យ​កីឡាករ​ក្នុង​ស្រុក​លេង​ក្នុង​ក្រប​ខណ្ឌ​ M-League កំពុង​តែ​ធ្វើ​ឲ្យ​រដ្ឋ​បាល​កីឡា​បាល់​ទាត់​ម៉ាឡេស៊ី​ឈឺក្បាល​ជា​ខ្លាំង។

ភ្នាក់ងារ​កីឡាករ​ទាំង​នេះ​ មិន​បាន​ចុះ​បញ្ជី​ពី​សហព័ន្ធ​បាល់​ទាត់​ម៉ាឡេស៊ី​នោះ​ឡើយ​ ដែល​ពេល​ខ្លះ​ធ្វើ​ឲ្យ​បញ្ហា​ដល់​កីឡាករ​របស់​ខ្លួន​ដែល​ធ្វើ​ជា​តំណាង។​ ភ្នាក់ងារ​អត់​អាជ្ញាប័ណ្ណ​ខ្លះ​បាន​បន្សល់​ទុក​បញ្ហា​ជា​ច្រើន ​ពិសេស​​ធ្វើ​ឲ្យ​មាន​ការ​យឺតយ៉ាវ​ឬ​ក៏​ការ​មិន​បើក​ប្រាក់​ខែ​ដល់​កីឡាករ​ដែល​លេង​ឲ្យ​ក្លឹប​របស់​ពួក​គេ។

ពួក​គេ​យក​កីឡាករ​ទៅ​ធ្វើ​ជា​ពាណិជ្ជកម្ម​រយៈ​ពេល​ខ្លី​ ហើយ​យក​លុយ​ភាគរយ​របស់​ខ្លួន​ទៅ​បាត់ ​ទុក​ឲ្យ​ក្លឹប​នឹង​កីឡាករ​មាន​បញ្ហា​ផ្សេងៗ ​​ពិសេស​បញ្ហា​កុង​ត្រា​នេះ​តែ​ម្ដង។ ភាគច្រើន​ភ្នាក់ងារ​ទាំង​នេះ​ដើរ​អុកឡុក​ក្នុង​លីក​កំពូល​ម៉ាឡេស៊ី។

លោក​ Hafizan Halim ជា​ប្រធាន​ភ្នាក់ងារ​កីឡាករ​របស់​សហព័ន្ធ​បាល់​ទាត់​ម៉ាឡេស៊ី​ ហើយ​ក៏​ជា​ភ្នាក់ងារ​កីឡាករ​ដែរ​នោះ​បាន​និយាយ​ថា​ អ្នក​ដែល​ចង់​ធ្វើ​ជា​តំណាង​ឲ្យ​កីឡាករ​ត្រូវ​តែ​មាន​អាជ្ញាប័ណ្ណ​ត្រឹម​ត្រូវ​ដូច​ដែល​បាន​ចែង​ក្នុង​ច្បាប់​និង​បទ​បញ្ជា​របស់ ​FIFA។

ភ្នាក់ងារ​ក្នុង​ស្រុក ​និង​បរទេស​ទាំង​អស់​ត្រូវ​តែ​មាន​អាជ្ញាប័ណ្ណ​ដែល​បាន​ចុះ​បញ្ជី​ពី ​FAM។ ជន​បរទេស​ដែល​មាន​អាជ្ញាប័ណ្ណ​ភ្នាក់ងារ​កីឡាករ​ក្នុង​ប្រទេស​របស់​ខ្លួន​ក៏​ត្រូវ​តែ​សុំ​អាជ្ញាប័ណ្ណ​មួយ​ទៀត​ពី​សហព័ន្ធ​បាល់​ទាត់​ម៉ាឡេស៊ី​ដែរ”។

“ ភ្នាក់ងារ​ក្នុង​ស្រុក​ត្រូវ​តែ​បង់​លុយ​១​ម៉ឺន​រីងហ្គីត​ សម្រាប់​អាជ្ញាប័ណ្ណ​ភ្នាក់ងារ​ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ ខណៈ​ជន​បរទេស​ត្រូវ​បង់​៥​ម៉ឺន​រីងហ្គីត”​ Hafizan បាន​បញ្ជាក់​បន្ត។

ភ្នាក់ងារ​មួយ​ចំនួន​មិន​ហ៊ាន​មក​សុំ​សិទ្ធ​ពី​ FAM ទេ​ ព្រោះ​គេ​អត់​អាជ្ញាប័ណ្ណ​ហើយ​ភ្នាក់ងារ​កីឡាករ​ដែល​ចុះ​បញ្ជី​ពេញ​លេញ​ជា​ភ្នាក់ងារ​កីឡាករ​ពេញ​សិទ្ធ​មិន​លើស​ពី​៥​នាក់​ទេ ​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​របស់​សហព័ន្ធ​។

បច្ចុប្បន្ន​មាន​ភ្នាក់ងារ​សញ្ជាតិ​ម៉ាឡេស៊ី​៦១២​នាក់​ និង​ជន​ជាតិ​ផ្សេង​១០៨​នាក់​​ដែល​បាន​គេ​ដឹង​ថា​កំពុង​គ្រប់គ្រង​កីឡាករ​ក្នុង​លីក​កំពូល​ម៉ាឡេស៊ី៕