លោក​​ Mike Wong គ្រូ​បង្វឹក​ជម្រើស​ជាតិ​ឡាវ​ពេញ​ចិត្ត​ នឹង​ទម្រង់​លេង​និង​សមត្ថភាព​របស់​កូន​ក្រុម​ ទោះ​បី​ជា​ចាញ់​កម្ពុជា​១​ទល់​០​ក៏​ដោយ។

ក្រុម​ឡាវ​បាន​របូត​គ្រាប់​បាល់​នៅ​នាទី​៨៦ ​ក្រោយ​ការ​ប្រើ​ក្បាល​សម្រេច​ទី​ពី​ ឃួន ឡាបូរ៉ាវី ​ហើយ​លទ្ធផល​នេះ​បន្ត​ដល់​ចប់​ការ​ប្រកួត​ធ្វើ​ឲ្យ​កម្ពុជា​ឈ្នះ​លើ​ទឹក​ដី​ឡាវ​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្រ្ត។ និយាយ​ក្រោយ​ចប់​ការ​ប្រកួត​គ្រូ​បង្វឹក​រូប​នេះ​បាន​និយាយ​ថា​៖

ទោះ​បី​ចាញ់​ការ​ប្រកួត​នេះ​​ ខ្ញុំ​នៅ​តែ​មាន​មោទនភាព​ចំពោះ​ក្រុម​ មោទនភាព​ចំពោះ​ការ​ប្រឹងប្រែង​ធ្វើ​ការ​ របស់​កូន​ក្រុម​”។

“​ដូច​ដែល​ខ្ញុំ​ធ្លាប់​បាន​និយាយ​ហើយ​ ក្រុម​របស់​យើង​មាន​បទពិសោធន៍​ក្នុង​ជម្រើស​ជាតិ​តិច ហើយ​កីឡាករ​ស្ទើរ​តែ​៨០​ភាគរយ​ជា​កីឡាករ​ថ្មី​ ហើយ​ជាមួយ​កីឡាករ​កម្ពុជា​ដែល​មាន​បទ​ពិសោធន៍​ច្រើន​ជាង។ ​នេះ​គ្រាន់​តែ​ជា​ជំហាន​មួយ​របស់​ក្រុម​បាល់​ទាត់​ឡាវ​ ហើយ​យើង​សង្ឃឹម​ថា​នឹង​ធ្វើ​បាន​ល្អ​ជាង​នេះ​ក្នុង​ប្រកួត​បន្ទាប់”។

ក្រុម​ជម្រើស​ជាតិ​ឡាវ​ នឹង​ត្រូវ​ជួប​ក្រុម​ជម្រើស​ជាតិ​បង់ក្លាដែស​ នៅ​ថ្ងៃ​ទី​២៧​ មីនា ​ឆ្នាំ ២០១៨​ វេលា​ម៉ោង​៦​ និង​០០​នាទី​ល្ងាច​ក្នុង​កីឡដ្ឋាន​ដដែល៕